ដួង លីនដា ចេញមុខ បដិសេធចំពោះព័ត៌មាន យល់ច្រឡំថានាងមានកូន
នំពេញ៖ បន្ទាប់ពីឈានជើង ប្រឡូកក្នុងសិល្បៈ បានរយៈពេលជាង ២ឆ្នាំ ស្រាប់តែថ្មីៗនេះ មានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយ ដោយគ្មានការពិត និងយល់ច្រឡំថា តារាសម្តែង និងជាតារាម៉ូដែលប្រចាំក្រុម Sun Super Model កញ្ញា ដួង លីនដា សម្រាលបានកូនប្រុសម្នាក់ ហើយព័ត៌មាននេះ ត្រូវបានលេចឮខ្ទរខ្ទារ ដល់មហាជនអ្នកតាមដាន សង្គមសិល្បៈគ្រប់ៗគ្នា ។
ដោយសារតែការចុះផ្សាយ របស់បណ្តាញ សារព័ត៌មានជាបន្តបន្ទាប់ មិនមែនជាការពិត នៅព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៣នេះ តារាម៉ូដែល ដួង លីនដា បានចេញមុខបដិសេធ ជុំវិញព័ត៌មានយល់ច្រឡំ និងខុសទាំងស្រុងនេះភ្លាមៗ ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា “ចំពោះការលេចឮ ព័ត៌មានថា ខ្ញុំសម្រាលបាន កូនប្រុសនោះ ជារឿងមិនពិតនោះទេ ។ ព្រោះខ្ញុំមិនទាន់មានប្តីផង ឲ្យមានកូនម៉េចកើតទៅ..? តាមពិតទៅកូនក្មេង ដែលគេឃើញនៅក្នុង ហ្វេសប៊ុកនោះ គឺជាក្មួយរបស់ខ្ញុំទេ..” ។តារាសម្តែងស្រស់សោភា ដួង លីនដា បានប្រាប់ឲ្យដឹងទៀតថា “ក្មួយរបស់ខ្ញុំ ដែលគេចោទថា ជាកូនរបស់ខ្ញុំនោះ តាមពិត មិនមែនជាក្មួយប្រុសដូចគេ និយាយនោះទេ ក្មួយរបស់ខ្ញុំគឺជាក្មួយស្រី ។ ចំពោះរូបថត ដែលបង្ហោះនៅលើហ្វេសប៊ុក ជាមួយក្មួយស្រីរបស់ខ្ញុំនោះ ក៏មិនមែនជាខ្ញុំដែរ គឺបងស្រីរបស់ខ្ញុំទេ គាត់ឈ្មោះនៅក្នុងសិល្បៈថា «រេយ៉ា» នឹងមានឈ្មោះពិតថា ដួង រតនា ហើយកូនស្រីនោះជា កូនស្រីរបស់បងស្រីខ្ញុំ ឈ្មោះ ដួង រដ្ឋា ទេ ។ ដូច្នេះខ្ញុំចង់បញ្ជាក់ឲ្យ បានច្បាស់កុំឲ្យមាន ការយល់ច្រឡំ ដូចដែល គេនិយាយគ្មានការពិតនោះ” ។
គួរបញ្ជាក់ថា កញ្ញា ដួង លីនដា មិនត្រឹមតែជា តារាម៉ូលឌែលដ៏ឆ្នើម នៅក្នុងក្រុម Sun Super Model ប៉ុណ្ណោះទេ នាងក៏ជាតារាសម្តែង មួយរូបផងដែរ ព្រោះនាពេលកន្លងទៅនាងធ្លាប់ បានសម្តែងខារ៉ាអូខេ បទចម្រៀងឲ្យផលិតកម្ម ថោន បានចំនួន ៣ បទរួចមកហើយ ក្នុងនោះមានដូចជាបទ “បងនឹកគេដល់ថ្នាក់ចង់ឈឺ, មនុស្សបីនាក់ និងបទ ស្ងៀមតែមិនល្ងង់ ” ។
ស្រីស្រស់ ដួង លីនដា បានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុន និងមានបណ្តា ផលិតកម្មមួយចំនួន បានមកទាក់ទង ឲ្យនាងសម្តែងខ្សែភាពយន្ត និង សម្តែងខារ៉ាអូខេ បទចម្រៀងដែរ ប៉ុន្តែនាងបានបដិសេធ ដោយមួយរយៈនេះ នាងមានការមមាញឹក និងការងារផ្ទាល់ខ្លួនច្រើន មិនអាចទទួលយកបាន ដូច្នេះនៅពេល ដែលនាងទំនេរ ពីការងារផ្ទាល់ខ្លួន គឺនាង OK ជាមួយបណ្តា ក្រុមហ៊ុន និង ផលិតកម្មនោះភ្លាម៕
0 ความคิดเห็น:
แสดงความคิดเห็น